បេះដូងជាសរីរាង្គសំខាន់បំផុតរបស់មនុស្ស ហើយក្នុងចំណោមសរីរាង្គទាំងអស់ បេះដូងកើតមុនគេ និងចាប់ផ្ដើមកន្ត្រាក់ចាប់តាំងពីកូនមានអាយុ 4 សប្ដាហ៍នៅក្នុងផ្ទៃម្ដាយ រួចបន្តការវិវឌ្ឍន៍រហូតដល់ពេលកូនគ្រប់ខែប្រសូត។ ទារកខ្លះប្រសូតមកជាមួយនឹងបេះដូងដែលវិវឌ្ឍន៍មិនគ្រប់លក្ខណៈឬខុសលក្ខណៈដែលបង្កទៅជាជំងឺបេះដូងពីកំណើត ខណៈដែលទារកមួយចំនួនធំប្រសូតមកជាមួយបេះដូងគ្រប់លក្ខណៈ និងអាចបំពេញមុខងារនាំឈាមចិញ្ចឹមរាងកាយបាន។
ជួនកាលមានមេរោគប្រភេទខ្លះធ្វើឲ្យខូចដល់រចនាសម្ព័ន្ធ និងមុខងាររបស់បេះដូងដែលស្ដែងចេញជារោគសញ្ញាជំងឺបេះដូងនៅលើទារក ឬកុមារ។រួមជាមួយនឹងភាពសំបូរបែបនៃរបបអាហារ និងរបៀបនៃការរស់នៅផ្សេងៗ ធ្វើឲ្យមនុស្សពេញវ័យប្រឈមនឹងការកើតជំងឺលើសឈាម និងបេះដូងដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។ ដោយហេតុថា នៅពេលដែលបេះដូងឈប់ដំណើរការនោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់ ដូច្នេះហើយការពិនិត្យនិងថែទាំសុខភាពបេះដូងជារឿងសំខាន់បំផុតជាងគេដែលមិនអាចខ្វះបាន។